Language

សេចក្តីប្រកាសព័ត៌មាន

18-05-2023

សេចក្តី​ប្រកាស​ព័ត៌មាន

ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា-គម្រោងស្រាវជ្រាវអច្ឆរិយភាព នៃទន្លេមេគង្គ​ដែល​គាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ​បង្ហាញតម្រុយ​ថា​នឹងអាចការពារ​បាននូវ​ប្រភេទត្រីយក្ស​ជិតផុតពូជនេះព្រមទាំងទន្លេដែលប្រភេទត្រីរស់នៅ។​​ ការរកឃើញត្រីបបែលយក្សទឹកសាបដ៏ធំមានទម្ងន់ ៣០០គីឡូក្រាម ឬ ៦៦០ផោនកាលពីឆ្នាំមុននៅក្នុងទន្លេមេគង្គ បានចាប់ផ្តើមផ្តួចផ្តើមគំនិតថ្មីមួយដោយរដ្ឋាភិបាលសហរដ្ឋអាមេរីក​ដើម្បីសិក្សា​ស្វែងយល់ និងការពារសត្វអាថ៌កំបាំងដ៏ធំបំផុតមួយនេះនៅលើ​ភពផែនដី​​យើង។ 

អ្នកវិទ្យាសាស្ត្របានប្រសិទ្ធនាម​ត្រីបបែលយក្សនេះថា “បូណ៌មី”ដែលមានន័យថា “ព្រះចន្ទពេញវង់/បូណ៌មី” ។​ក្នុងរយៈពេល ១២ខែមកនេះ ក្រុមអ្នកវិទ្យាសាស្ត្របាននឹងកំពុងតាមដានសត្វបបែលដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកមួយនេះ។ បន្ទាប់ពីគេចាប់វាបានក្នុងខែមិថុនា ឆ្នាំ២០២២ បូណ៌មីត្រូវបានគេ​បំពាក់​ស្លាក​បញ្ជូនសំលេង (acoustic tag) មុនពេលដោះលែងទៅក្នុងទន្លេវិញ។ ទិន្នន័យដែល​គេប្រមូលបាន​បង្ហាញថា​ក្រៅពីទំហំដ៏ធំអស្ចារ្យ​គឺជម្រករបស់សត្វបបែលយក្សញីនេះមានទំហំតូចនៅឡើយគឺថា  នៅតំបន់កណ្តាលនៃទន្លេមេគង្គគឺពោរពេញដោយជីវៈចម្រុះ តែទន្លេមេគង្គរងការគំរាមកំហែងនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា។

អ្នកវិទ្យាសាស្ត្រដឹងតិចតួចបំផុតអំពី​បបែលយក្ស​ទឹកសាបនេះ ខណៈពេលដែលចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងគំហុកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងខែនេះ ការសិក្សាស្រាវជ្រាវដែលទទួលបាន​ការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID និងបោះពុម្ពផ្សាយនិងចែករំលែកនូវលទ្ធផល​ប្រកបដោយគុណតម្លៃទាំងនេះ​។ អ្នកស្រី​ ឃែរី ភែលស៍មេន​ នាយិការបេសកកម្ម​នៃទីភ្នាក់ងារ​សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ​មានប្រសាសន៍ថា “​​ទន្លេមេគង្គ​ដែលហូរកាត់ប្រទេស​ចំនួនប្រាំមួយក្នុងតំបន់អាស៊ី គឺជាជង្រុក​នៃជីវៈចម្រុះរបស់សាកលលោក និង​ជាជម្រករបស់ត្រីប្រមាណ​ជិត១០០០ប្រភេទ​ដោយរួមទាំង​បបែលយក្សទឹកសាបនេះផងដែរ។ អ្នកស្រីបន្ថែមថា៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID មានមោទនភាពណាស់​ក្នុងការចូលរួមការពារ​អច្ឆរិយភាពទន្លេមេគង្គ​ និង​ការពារ​ប្រភេទពូជត្រី​ដែលជិត​ផុតពូជ​ដើម្បី​ជួយទ្រទ្រង់​ធនធានជលផលកម្ពុជា​ឲ្យមានកាន់តែសម្បូរបែបដើម្បីជាប្រយោជន៍​ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា​រាប់លាននាក់។ 

លោកហ្សេប ហូហ្គេន សាស្ត្រាចារ្យជីវវិទ្យានៅសកលវិទ្យាល័យណេវ៉ាដារីណូ និងជាប្រធានដឹកនាំការស្រាវជ្រាវ របស់គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ USAID ក្នុងការសិក្សានេះមានប្រសាសន៍ថា “ព័ត៌មានថ្មីអំពីត្រីបបែល និងត្រីជិតផុតពូជ​ដទៃទៀត​មាន​សារៈសំខាន់ចំពោះការការពារសត្វដែលជាតំណាងជាតិកម្ពុជា និងការអភិរក្សទន្លេដែលផ្តល់ស្បៀង​ដល់​មនុស្ស​រាប់លាននាក់”។ លោកបានបន្តរថា "សត្វបបែលយក្សឥឡូវនេះបានក្លាយជាចំណុចស្នូលនៃការ​ជជែក​ពិភាក្សា​គ្នា​ដ៏ធំ​មួយ​អំពីជោគវាសនានៃទន្លេមេគង្គ និងថាតើធ្វើយ៉ាងឲ្យមានមានតុល្យភាពរវាងការអភិវឌ្ឍ​អាងទន្លេ​ជាមួយ​នឹង​​ការ​គ្រប់គ្រង​បរិស្ថាន ដើម្បីឱ្យទន្លេមេគង្គដ៏អសច្ចារ្យនេះអាចបន្តផ្គត់ផ្គង់ដល់ប្រជាជន​ក្នុង​តំបន់​រាប់ជំនាន់​តទៅមុខ​ទៀត។

ជាសាកល អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានវាយតម្លៃថា​សត្វបបែល​យក្ស ជាសត្វ​ជិត​ផុតពូជ​ដោយសារតែចំនួនរបស់វាមានការថយចុះ រហូតដល់ ៧៩% ​ក្នុងសតវត្ស​ចុង​ក្រោយ​នេះ។ 

###

ទំនាក់ទំនងផ្សព្វផ្សាយ៖

លោកស្រី ជា សីលា

ប្រធានគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ

seilacsloct@gmail.com

 

លោកបណ្ឌិត ហ្សេប ហូហ្គេន

ប្រធានដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ

zebhogan@gmail.com

 

Share This Page