Language

សេចក្តីប្រកាសព័ត៌មាន

22-12-2022

សេចក្តី​ប្រកាស​ព័ត៌មាន

ថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០២២ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) “គម្រោងអភិវឌ្ឍន៍ការងារឌីជីថល (DWD)” បាន​បើក​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ការងារ​ថ្មី​មួយនៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​ថ្ងៃ​នេះ។

គម្រោងអភិវឌ្ឍន៍ការងារឌីជីថល (DWD) គឺជាគម្រោងរយៈពេលប្រាំឆ្នាំដែលសហការអនុវត្តន៍ជាមួយនឹងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកក្លី (University of California, Berkeley) ដើម្បីជំរុញលទ្ធផលអប់រំសម្រាប់យុវជន និងអ្នកជំនាញរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងទាមទារឱ្យមានកម្លាំងពលកម្មដែលមានជំនាញ។

មជ្ឈមណ្ឌលការងារ​ នឹងភ្ជាប់សាកលវិទ្យាល័យ​ ទៅនឹងនិយោជកក្នុងវិស័យឯកជន​ ដើម្បីបង្កើតកម្មវិធីកម្មសិក្សា និងឱកាសការងារសម្រាប់និសិ្សត និងអ្នកជំនាញវ័យក្មេង។ មជ្ឈមណ្ឌលនេះក៏នឹងបំពេញតម្រូវការរបស់និយោជកសម្រាប់ជំនាញសតវត្សទី ២១ តាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។

គម្រោងដែលផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) នឹងជួយបង្កើតបន្ថែមនូវមជ្ឈមណ្ឌលការងារជាច្រើនថែមទៀតនៅសាកលវិទ្យាល័យដៃគូដ៏ទៃ ទាំងនៅទីជនបទ និងទីក្រុងក្នុងប្រទេសកម្ពុជា ដើម្បីភ្ជាប់សិស្សានុសិស្សលើគ្រប់មុខជំនាញសិក្សាទៅកាន់គោលដៅការងារដែលពួកគេជ្រើសរើស។ គម្រោងអភិវឌ្ឍន៍ការងារឌីជីថល (DWD) នឹងធ្វើការជាមួយវិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញបណ្តាញការងារឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់និស្សិតដែលបញ្ចប់ការសិក្សានៅក្នុងប្រទេសកម្ពុជា។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា «មជ្ឈមណ្ឌលការងារនេះគឺជាស្ពានតភ្ជាប់និស្សិត និងនិយោជក»។ លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា «សិស្សនិស្សិតនឹងបន្តទៅកាន់គោលដៅការងារដែលពួកគេ បានជ្រើសរើស ហើយនិយោជកនឹងរីកចម្រើនជាមួយនឹងបេក្ខជនដែលមានសមត្ថភាព។ យើងមានមោទនភាពក្នុងការគាំទ្រយុវជនកម្ពុជា ដើម្បីបំពេញតម្រូវការនៃការងារឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

គម្រោងអភិវឌ្ឍន៍ការងារឌីជីថល (DWD) បានរៀបចំមជ្ឈមណ្ឌលការងារអោយក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូការងារ (Employment Ecosystem)៖ ជាកន្លែងមួយដែលមានការចូលរួមពីនិស្សិតដែលកំពុងសិក្សា អតីតនិស្សិត និងនិយោជកនៅគ្រប់វិស័យទាំងអស់។ មជ្ឈមណ្ឌលនេះ នឹងក្លាយជាគំរូមួយសម្រាប់សាកលវិទ្យាល័យផ្សេងទៀតដើម្បីអនុវត្តតាម ហើយនឹងនៅតែបន្តដំណើរការទោះបីក្រោយការបញ្ចប់គម្រោងនេះ។

###

សំរាប់ព័ត៌មានបន្ថែម៖

លោកប៉ែន ចិន្តា ប្រធានគម្រោង

គម្រោងអភិវឌ្ឍន៍ការងារឌីជីថល

អ៊ីម៉ែល៖ chanda@elixkh.org

 

Share This Page