Language

សេចក្តីប្រកាសព័ត៌មាន

18-05-2023

សេចក្តី​ប្រកាស​ព័ត៌មាន

បាត់ដំបង-ថ្ងៃទី18 ខែឧសភា ឆ្នាំ2023។ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់រង្វាន់ជាអាហារូបករណ៍ចំនួន 18កន្លែង ដល់និស្សិតដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រទាក់ទងនឹងផ្នែកឌីជីថលនៅសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) និងបានបើកដំណើរការមជ្ឈមណ្ឌលការងារដំបូងគេនៅក្នុងខេត្តបាត់ដំបង។

គម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល (DWD) គឺជាគម្រោងរយៈពេលប្រាំឆ្នាំដែលអនុវត្តតាមភាពជាដៃគូជាមួយសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកឡេ ដើម្បីពង្រឹងលទ្ធផលសិក្សាអប់រំសម្រាប់យុវជន និងអ្នកជំនាញរបស់កម្ពុជា នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកាន់តែរីកចម្រើនជាសកល។ អាហារូបករណ៍ត្រូវបានបង្កើតឡើងសម្រាប់និស្សិតចម្រុះជាតិសាសន៍ មានទេពកោសល្យ មានជីវភាពខ្សត់ខ្សោយ(under-represented) ដើម្បីបង្កើនលទ្ធភាពទទួលបានវិញ្ញាបនបត្រទាក់ទងទៅនឹងជំនាញឌីជីថលដែលប្រកបដោយគុណភាព រួមជាមួយនឹងកម្មវិធីបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ស្របតាមតម្រូវការជំនាញការងាររបស់ដៃគូក្នុងវិស័យឯកជន។

បូករួមទាំងអាហារូបករណ៍ចំនួន 18ដែលបានផ្ដល់ជារង្វាន់នៅថ្ងៃនេះ សរុបមកអាហារូបករណ៍ DWD មានចំនួន 74 ត្រូវបានផ្តល់ជូននិស្សិតបីសាកលវិទ្យាល័យរួមមាន សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងរាជធានីភ្នំពេញ។ ហុកសិបប្រាំភាគរយ (65%) នៃអាហារូបករណ៍ត្រូវបានផ្តល់ជារង្វាន់ជូននិស្សិតជាស្ត្រីនៅទូទាំងប្រទេស (48 ក្នុងចំណោម 74)។

ក្នុងកំឡុងពេលនៃការសិក្សារបស់និស្សិតអាហារូបករណ៍ដែលផ្ដល់ដោយគម្រោង USAID DWD ពួកគេនឹងទទួលបានគាំទ្របណ្ដុះបណ្ដាលពីបណ្ដាញក្រុមហ៊ុនឯកជន និងសាកលវិទ្យាល័យដែលជាដៃគូររបស់គម្រោង និងតាមរយៈការពសកម្មភាពផ្សេងៗទៀតរបស់មជ្ឈមណ្ឌលការងារ ដូចជាការបណ្តុះបណ្តាលជំនាញទន់ កម្មវិធីទំនាក់ទំនង កម្មវិធីហាត់ការ និងពិព័រណ៍ការងារជាដើម។

លោកស្រី ឃែរី ផែល្សម៉ិន នាយិកាបេសកកម្ម USAID ប្រចាំប្រទេសកម្ពុជា បានថ្លែងថា “ថ្ងៃនេះគឺជាវេលាដ៏សំខាន់មួយ។ USAID កំពុងផ្តល់រង្វាន់អាហារូបករណ៍ដល់និស្សិតចំនួន១៨នាក់នៅ NUBB និងបើកដំណើរការមជ្ឈមណ្ឌលការងារដំបូងគេនៅខេត្តបាត់ដំបង។ មជ្ឈមណ្ឌលការងារនឹងដើរតួនាទីជាស្ពានតភ្ជាប់និយោជកទៅកាន់បុគ្គលដែលមានទេពកោសល្យក្នុងប្រទេសកម្ពុជា តាមរយៈវិស័យផ្សេងៗគ្នាក្នុងទីតាំងកណ្តាលរួមនៅសាកលវិទ្យាល័យ។

មជ្ឈមណ្ឌលការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង គឺជាមជ្ឈមណ្ឌលការងារទីប្រាំ នៃគម្រោង USAID DWD ដែលបានបើកដំណើរការ ដោយបានជួយធានានូវនិរន្តរភាពនៃសមិទ្ធិផលនៃការអភិវឌ្ឍន៍ជំនាញការងារឌីជីថល។ មជ្ឈមណ្ឌលទាំងនេះនឹងបន្តបង្កើតទំនាក់ទំនងក្នុងវិស័យឧស្សាហកម្ម និងការកសាងជំនាញការងារយូរអង្វែងទៅមុខ បន្ទាប់ពីការបញ្ចប់គម្រោង USAID DWD​ ជាស្ថាពរ។

###

សម្រាប់ព័ត៌មានបន្ថែម

លោក ប៉ែន ចិន្ដា ប្រធានគម្រោង

នៃគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថលរបស់អង្គការ USAID

អ៊ីមែល៖ chanda@elixkh.org