Language

សេចក្តីប្រកាសព័ត៌មាន

10-05-2024

សេចក្តី​ប្រកាស​ព័ត៌មាន

ភ្នំពេញ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤  – គម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល (DWD) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកកម្ពស់ជំនាញ ធនធាន និងចំណេះដឹងដល់យុវជនកម្ពុជា ដើម្បីទទួលបានជោគជ័យក្នុងយុគសម័យឌីជីថល។ គម្រោងនេះបានជាប់ជាជ័យលាភីក្នុងចំណោមជ័យលាភីទាំងប្រាំ នៃពានរង្វាន់អភិវឌ្ឍន៍ឌីជីថលឆ្នាំ ២០២៣ ។

ផ្នែកបច្ចេកវិទ្យានៃមជ្ឈមណ្ឌលនវានុវត្តន៍ បច្ចេកវិទ្យា និងការស្រាវជ្រាវរបស់ USAID នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី បានប្រកាសជ័យលាភីទាំងប្រាំ នៅថ្ងៃទី ១០ ឧសភា ដែលត្រូវបានជ្រើសរើសដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជួយឲ្យប្រទេស និងសហគមន៍ឆ្ពោះទៅរកវិវឌ្ឍនភាពប្រកបដោយនិរន្តរភាព និងភាពរឹងមាំ។

លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID នៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ចំពោះគម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល (DWD) ដែលទទួលបានពានរង្វាន់នេះ ដោយទទួលស្គាល់ នូវការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញការវិវឌ្ឍវិស័យឌីជីថលនៅប្រទេសកម្ពុជា” ។ “ពានរង្វាន់នេះសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងនវានុវត្តន៍ដើម្បីលាតត្រដាងពីសក្តានុពលពេញលេញរបស់ប្រទេសកម្ពុជា”។

គម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល​ គាំទ្រយ៉ាងមុតមាំលើវិធីសាស្ត្រពហុភាគី ក្នុងការបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យា (ICT) ដោយត្រួសត្រាយផ្លូវសម្រាប់អនាគតដែលជំរុញដោយ បច្ចេកវិទ្យា។ គម្រោង DWD ដែលអនុវត្តដោយសាកលវិទ្យាល័យ California, Berkeley បានបង្កើនភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ឧស្សាហកម្មឌីជីថលឈានមុខដូចជា Amazon Web Services និង Meta ព្រមទាំងវិស័យឯកជន ដើម្បីពង្រឹងការអប់រំ ICT ផ្តល់ការណែនាំអំពីអាជីព ការអភិវឌ្ឍជំនាញ និងការផ្សារភ្ជាប់ទៅនឹងឱកាសកម្មសិក្សា ក៏ដូចជា ឱកាសការងារសម្រាប់យុវជនកម្ពុជា។

ទំនាក់ទំនងរវាងគ្រឹះស្ថានឧត្តមសិក្សា និងនិយោជកក្នុងវិស័យឯកជន ជួយបណ្ដុះបណ្ដាលកម្លាំងពលកម្មយុវជន ប្រកបដោយសមត្ថភាព និងជំនាញ ដើម្បីគាំទ្រដល់ការរីកចម្រើនឲ្យកាន់តែប្រសើរ នូវវិស័យឌីជីថលរបស់កម្ពុជា។ ភាពជោគជ័យរបស់គម្រោង DWD រួមមានការបណ្តុះបណ្តាលសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាង ២២៦ នាក់ ការបង្កើតមជ្ឈមណ្ឌលការងារនៅតាមសាកលវិទ្យាល័យចំនួន ៥ នៅទូទាំងប្រទេស និងការកសាងទំនាក់ទំនងផ្លូវការជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិចំនួន ១៥ ។ ភាពជោគជ័យទាំងនេះឆ្លុះបញ្ចាំងអំពី វិធីសាស្រ្តសហការរបស់គម្រោង DWD ក្នុងការធានាឱ្យបាននូវភាពស្របគ្នារវាងសមត្ថភាពរបស់យុវជន និងតម្រូវការទីផ្សារ ព្រមទាំងការជំរុញឱ្យមាននិរន្តរភាព។

 

សម្រាប់ព័ត៌មានបន្ថែម:

ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា 

icambodia@usaid.gov

 

លោក ប៉ែន ចិន្តា

ប្រធានគម្រោង DWD

chanda@elixkh.org 

 

Image