Language

11-09-2024
Image
Sovanpiseth Song, USAID/Cambodia Office of Financial Management intern

លោក សុង សុវណ្ណពិសិទ្ធ

ទីកន្លែងកំណើត៖ ខេត្តបាត់ដំបង
គ្រឹះស្ថានឧត្ដមសិក្សា៖ និសិត្សឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម
មុខតំណែង៖ អ្នកហាត់ការផ្នែកហិរញ្ញវត្ថុ នៅទីភ្នាក់ងារជំនួយអាមេរិក (USAID) កម្ពុជា

ពិសិទ្ធបានសម្រេចចិត្តដាក់ពាក្យហាត់ការជាមួយទីភ្នាក់ងារជំនួយអាមេរិក (USAID) កម្ពុជា​ ដើម្បីយកចំណេះដឹងទៅបំពេញគោលដៅសំខាន់មួយរបស់ខ្លួន គឺបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក។ ពិសិទ្ធក៏ធ្លាប់មានបទពិសោធន៍ហាត់ការនៅក្រសួងពាណិជ្ជកម្មពីមុនមកដែរ។

ពិសិទ្ធមានចំណាប់អារម្មណ៍សិក្សាផ្នែកវិភាគអាជីវកម្មនៅសហរដ្ឋអាមេរិក ព្រោះចង់បានបទពិសោធន៍ផ្ទាល់ទាក់ទងនឹងវិស័យនេះ ដូច្នេះហើយទើបពិសិទ្ធចូលមកធ្វើការនៅការិយាល័យគ្រប់គ្រងហិរញ្ញវត្ថុជាមួយ USAID ដើម្បីពង្រឹងជំនាញបន្ថែម។ 

ពិសិទ្ធមានសារផ្ដាំផ្ញើដល់យុវជនដែលចាប់អារម្មណ៍ធ្វើការជាមួយ USAID ថាអ្នកទាំងអស់គ្នាមិនគួរស្ទាក់ស្ទើរនោះទេ និងត្រូវចាប់យកគ្រប់ឱកាសដើម្បីសម្រេចគោលដៅរបស់ខ្លួន។ 

ពិសិទ្ធនិយាយថា៖ ធ្វើវាជាមុនសិន ប្រសិនបើអ្នកបរាជ័យ នោះអ្នកអាចរៀនសូត្រពីរបៀបដើម្បីជោគជ័យនៅពេលបន្ទាប់ទៀត ហើយត្រូវជឿជាក់លើខ្លួនឯង ព្រោះព្យាយាម​ហើយ​បរាជ័យ ប្រសើរជាង​មិន​បានព្យាយាម​ទាល់តែសោះ។ 

សម្រាប់ពិសិទ្ធ ចំណុចដ៏ល្អមួយនៅទីនេះគឺបរិយាកាសការងារដែលពិសិទ្ធមានអារម្មណ៍ថាទទួលបានការស្វាគមន៍ពីបុគ្គលិកទាំងអស់។ 

នៅទីនេះមានបរិយាកាសដ៏ល្អសម្រាប់ធ្វើការ ស្មារតីក្រុមមានភាពរឹងមាំ ហើយបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងស្និទ្ធស្នាលគ្នាទៅវិញទៅមក ដោយតាំង​ពី​ខ្ញុំចូល​មក​ទី​នេះ​ដំបូង​ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា​ម្នាក់ឯង​នោះ​ទេ។

ពិសិដ្ឋធ្លាប់ស្គាល់ USAID តាំងពីនៅតូច ដោយសារតែលោកប៉ារបស់ខ្លួនធ្លាប់ធ្វើការឱ្យអង្គការមិនមែនរដ្ឋាភិបាលមួយដែលគាំទ្រដោយ USAID ។

 

Image
Lina Ronie, HR assistant intern with USAID/Cambodia’s Executive Office

កញ្ញា រ៉ូនី លីណា

ទីកន្លែងកំណើត៖ ភ្នំ​ពេញ​ 
គ្រឹះស្ថានឧត្ដមសិក្សា៖​ និសិត្សឆ្នាំទី៣ នៅសាកលវិទ្យាល័យអន្តរជាតិ ប៉ារ៉ាហ្គន ជំនាញទំនាក់ទំនងអន្តរជាតិ
មុខតំណែង៖ អ្នកហាត់ការផ្នែកធនធានមនុស្ស នៅទីភ្នាក់ងារជំនួយអាមេរិក (USAID) កម្ពុជា

លីណាបានជួបការលំបាកមួយចំនួនពេលចូលហាត់ការដំបូងនៅទីភ្នាក់ងារជំនួយអាមេរិក (USAID) កម្ពុជា។

លីណា៖ ខ្ញុំត្រូវរៀនសម្របខ្លួនទៅនឹងវប្បធម៌ និងបរិយាកាសការងារ ​ដូច​ជា​កិច្ចការ​ខ្លះពំុមានការណែនាំនៅក្នុងថ្នាក់ទេ ដូច្នេះ​ខ្ញុំ​ត្រូវឆ្លងកាត់​បទពិសោធន៍នេះនិងធ្វើ​វា​ដោយ​ខ្លួន​ឯង ហើយពេលខ្លះគឺរៀនពីកំហុស​ឡើងវិញ​។

ក្រោយពី​​បានចូល​រួម​ការងារស្មគ្រ័ចិត្ត​ជាច្រើន និង​ហាត់ការ​នៅ​ USAID លីណាយល់ឃើញថាខ្លួនមាន​ការ​រីក​ចម្រើន​ជាងមុន។

លីណា​បន្ត​ថា​៖ "ទោះបីជា​វា​មាន​ការ​លំបាក​ក៏​ដោយ ប៉ុន្តែខ្ញុំ​មាន​អារម្មណ៍​ថា​ទទួលបានសមិទ្ធផល និង​មោទនភាព​ចំពោះ​ខ្លួន​ឯង​"។

លីណាចង់ជំរុញយុវជនឱ្យសាកល្បងអ្វីដែលថ្មី និងបានប្រាប់ថា​៖ "​ពី​យុវជនម្នាក់ទៅយុវជនម្នាក់ទៀត ខ្ញុំ​គិត​ថា​ពួកគេ​គួរតែ​ផ្តល់​កម្លាំង​ចិត្ត​ដល់ខ្លួន​ឯង ហើយ​ជឿជាក់​ថា​យើងអាច​ធ្វើ​​បាន និងព្យាយាមសាកល្បងអ្វីថ្មីៗ​"​។

លីណាប្រាប់ថា ខ្លួនចូលចិត្តធ្វើការជាមួយទីភ្នាក់ងារជំនួយអាមេរិក (USAID) កម្ពុជា ព្រោះទីនេះជាផ្នែកមួយដែលជួយឲ្យមានការផ្លាស់ប្តូរដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

លីណាបន្តថា៖​​ ខ្ញុំគិតថា USAID គឺជាកន្លែងមួយដែលខ្ញុំអាចអភិវឌ្ឍខ្លួនបាន ព្រោះវាជាកន្លែងដែលប្រជាជនកម្ពុជា និងអាមេរិកអាចសហការគ្នាដើម្បីបង្កើតការយល់ដឹងពីវប្បធម៌ និងជួយគ្នាសម្រេចនូវគោលដៅចម្បងជាច្រើនដែលកម្ពុជាត្រូវការ។

ចាប់តាំងពីថ្ងៃធ្វើការដំបូង លីណាទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីក្រុមធនធានមនុស្ស និងបុគ្គលិកទាំងអស់ដែលធ្វើការនៅទីនេះ។

លីណានិយាយថា៖ “ពួកគាត់តែងតែសួរសុខទុក្ខខ្ញុំរាល់ពេលដែលជួបគ្នា ទេាះបីពួកគាត់បានធ្វើការនៅទីនេះជាច្រើនឆ្នាំក៏ដោយក៏តែងតែស្វាគមន៍ និងគាំទ្រខ្ញុំជានិច្ច”។

 

Image
Leangkruy Try, Administrative intern with USAID/Cambodia’s Executive Office

លោក ទ្រី លាងគ្រុយ

ទីកន្លែងកំណើត៖ ភ្នំពេញ
គ្រឹះស្ថានឧត្ដមសិក្សា៖ និសិត្សឆ្នាំទី៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម
មុខតំណែង៖ អ្នកហាត់ការផ្នែករដ្ឋបាល​ នៅទីភ្នាក់ងារជំនួយអាមេរិក (USAID) កម្ពុជា

លាងគ្រុយបានដាក់ពាក្យចូលហាត់ការជាមួយ USAID ព្រោះចង់រៀនសូត្រ ពីបទពិសោធន៍ការងារក្នុងការិយាល័យរដ្ឋបាល ដូចជារបៀបជួយបុគ្គលិកក្នុងការធ្វើដំណើរជាដើម។

លាងគ្រុយនិយាយថា៖ ខ្ញុំពុំស្គាល់ទីភ្នាក់ងារជំនួយអាមេរិក (USAID) ​ពីមុនមកទេ ប៉ុន្តែ​ខ្ញុំ​បានធ្វើការ​ស្រាវជ្រាវ​ខ្លះៗ ទើប​ដឹង​ថា USAID បាន​ផ្តល់​ជំនួយជាច្រើន​ដល់​កម្ពុជា ដូចជាក្នុងសហគមន៍ លើវិស័យសេដ្ឋកិច្ច អប់រំ សុខាភិបាល និង​បរិស្ថាន។

លាងគ្រុយប្រាប់ថាគាត់ រីករាយដែលបានប្រាស្រ័យទាក់ទងជាមួយបុគ្គលិកនៅទីនេះ និងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីជនជាតិអាមេរិក។

លាងគ្រុយបន្តថា៖ ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំគឺថា​ បុគ្គលិកនៅទីនេះមានភាពរួសរាយរាក់ទាក់ និងចិត្តល្អដល់អ្នកហាត់ការ ហើយខ្ញុំបានយល់ដឹងអំពីរចនាសម្ព័ន្ធនៃរបៀបដែលជនជាតិអាមេរិកធ្វើការ ដែលវាជាឱកាសដ៏ល្អមួយដែលខ្ញុំមានរហូតមកដល់បច្ចុប្បន្ននេះ។

លាងគ្រុយបានដឹងអំពីឱកាសការងារស្មើភាពគ្នា (EEO) ដែលធានាថាបុគ្គលិកគ្រប់រូបត្រូវបានការពារពីការរើសអើង និងការបៀតបៀនដោយខុសច្បាប់ ហើយម្នាក់ៗមានឱកាសស្មើៗគ្នា។ លាងគ្រុយមានគោលបំណងមួយក្នុងការលើកស្ទួយប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដើម្បីឱ្យ ប្រជាជនដែលខ្វះខាតអាចទទួលបានសេវាថែទាំសុខភាព និងការព្យាបាល។

ក្នុងនាមជានិស្សិតផ្នែកធុរកិច្ច ខ្ញុំចង់វិនិយោគទៅលើវិស័យអប់រំហើយបង្កើនធនធានមនុស្ស ដើម្បីពួកគេអាចធ្វើការនៅក្នុងមន្ទីរពេទ្យ និងលើកកម្ពស់វិស័យសុខាភិបាល។

 

Image
Sreynea Sun, USAID/Cambodia Development Outreach and Communications intern

កញ្ញា ស៊ុន ស្រីនា

ទីកន្លែងកំណើត៖ ខេត្តក្រចេះ
គ្រឹះស្ថានឧត្ដមសិក្សា៖ និសិត្សឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ 
មុខតំណែង៖ អ្នកហាត់ការផ្នែកអភិវឌ្ឍន៍ផ្សព្វផ្សាយ និងទំនាក់ទំនង​​ នៅទីភ្នាក់ងារជំនួយអាមេរិក (USAID) កម្ពុជា

បន្ទាប់ពីហាត់ការបានបីសប្តាហ៍ ស្រីនាទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាដឹកនាំគម្រោងមួយ​គឺតាក់តែងអំពីប្ររវត្តិរូបអ្នកហាត់ការផងដែរ។

ស្រីនានិយាយថា៖ កិច្ចការដ៏រំភើបមួយដែលខ្ញុំសម្រេចបាន គឺធ្វើការទៅលើប្រវត្តិរូបអ្នកហាត់ការរបស់ USAID ដោយមានការជ្រោមជ្រែងពីក្រុមការងារ ធ្វើឱ្យខ្ញុំមានឱកាសជំរុញ និងកសាងសមត្ថភាពខ្លួនឯងបន្ថែមទៀត។ 

ស្រីនាប្រាប់​​ថា​៖ "គម្រោង​នេះ​ក៏​បាន​បង្រៀន​ខ្ញុំ​អំពី​សារៈសំខាន់​នែការ​ចេះសួររកជំនួយ និងចេះអត់ធ្មត់​នៅពេល​ដែល​ខ្ញុំ​ចង់​សម្រេច​គោលដៅ​ណាមួយ​"។ 

ស្រីនាបានសម្រេចចិត្តដាក់ពាក្យចូលហាត់ការជាមួយ USAID ព្រោះចង់ពង្រីកបទពិសោធន៍ក្នុងវិស័យទំនាក់ទំនង និងដើម្បីភាពរីកចម្រើនផ្ទាល់ខ្លួន។ 

ស្រី​នាធ្លាប់​ឃើញ​ស្លាក​សញ្ញា USAID នៅ​គ្រប់​ទីកន្លែង ប៉ុន្តែពុំបាន​ដឹងថាតំណាងអោយអ្វីនេាះទេ ហើយបានបន្ត​ថា​៖ "ពេល​​មក​ដល់​ទី​នេះ ទើបខ្ញុំ​បាន​ឃើញរូបភាព​កាន់​តែ​ទូលំទូលាយ​អំពីសមិទ្ធផល​របស់ USAID ជា​ពិសេស​ទៅលើ​វិស័យ​អប់រំ​នៅ​ទូទាំង​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា​។”

ស្រីនា​មាន​ពេល​វេលា​ល្អធ្វើការ​​នៅ USAID ដោយបានប្រាប់ថា៖ "ខ្ញុំ​រីករាយ​នឹង​មក​ធ្វើ​ការ​នៅ​ទី​នេះ ព្រោះខ្ញុំ​មាន​ឱកាស​បាន​ជួប​បុគ្គលិក​​ជា​ច្រើន​ដែល​រួសរាយរាក់ទាក់ ចិត្តល្អ និង​មាន​ទេពកោសល្យ​"។

គោលដៅ​មួយ​របស់​ស្រីនា គឺជួយ​យុវជន​ក្នុងការត្រៀម​ខ្លួន​សម្រាប់ចូល​សាកលវិទ្យាល័យ ដើម្បី​​ពួក​គេ​មានសមត្ថភាព​ជួយ​ខ្លួនឯង និង​សហគមន៍​នា​ពេល​អនាគត។

ស្រីនាបន្តថា៖ សម្រាប់ខ្ញុំ ការសិក្សាថ្នាក់ឧត្តមសិក្សាគឺជារឿងដ៏ល្អមួយ ដោយសារខ្ញុំមិនត្រឹមតែបានរៀនមេរៀននៅក្នុងសាលាតែប៉ុណ្ណោះទេ ខ្ញុំក៏បានរៀនអំពីការប្តេជ្ញាចិត្ត មានវិន័យផ្ទាល់ខ្លួន និងរៀនបត់បែនទៅតាមការផ្លាស់ប្តូរថ្មីៗក្នុងវ័យជាយុវជន។

---------------------------------------------------------------------

អ្នកនិពន្ធអត្ថបទ៖ កញ្ញា ស៊ុន ស្រីនា អ្នកហាត់ការផ្នែកអភិវឌ្ឍន៍ផ្សព្វផ្សាយ និងទំនាក់ទំនង​​ នៃទីភ្នាក់ងារជំនួយអាមេរិក (USAID) កម្ពុជា

 

Image
Leangkruy, Ronie, Sreynea, and Piseth are serving as USAID/Cambodia interns for the summer cycle.
Leangkruy, Ronie, Sreynea, and Piseth are serving as USAID/Cambodia interns for the summer cycle.
USAID/Cambodia/Youra Soeum
Share This Page