សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ – ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រារព្ធពិធីបិទគម្រោងអនាគតបៃតងកម្ពុជា USAID ដែលជាគម្រោងរយៈពេលប្រាំឆ្នាំ ក្រោមកិច្ចសហការជាមួយយុវជន ក្នុងការលើកកម្ពស់ការប្រត្តិបត្តប្រកបដោយចីរភាព ក្នុងគោលបំណងកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត កាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងការបញ្ឈប់ការទុកដាក់សំរាមមិនត្រឹមត្រូវ។ គម្រោងនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តជាវិជ្ជមានតាមរយៈការប្រើវិធីសាស្រ្តទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម និងការចូលរួមជាមួយអ្នកដឹកនាំជាយុវជន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងភាគីពាក់ព័ន្ធដទៃទៀត។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ គម្រោងអនាគតបៃតងកម្ពុជា USAID បានបណ្តុះបណ្តាលអ្នកដឹកនាំជាយុវជន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងសមាជិកអង្គការសង្គមស៊ីវិលរាប់រយនាក់ ដើម្បីធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងជំរុញអោយមានការផ្លាស់ប្តូរឥរិយាបថមកស្រឡាញ់ និងថែរក្សាបរិស្ថានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
ថ្លែងទៅកាន់តំណាងយុវជននៅក្នុងពិធីនេះ នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) លោកស្រី Kerry Pelzman បានកត់សម្គាល់ថា "គម្រោងនេះនឹងត្រូវបញ្ចប់ ប៉ុន្តែយើងដឹងថាការងាររបស់អ្នកនឹងបន្ត។ អ្នកគឺជាគន្លឹះឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាពសម្រាប់កម្ពុជា។ ផ្អែកលើការស្ទង់មតិរបស់គម្រោង បានរកឃើញថាមានយុវជនកម្ពុជាបីនាក់ក្នុងចំណោមបួននាក់ជឿថា ការអភិរក្សជីវចម្រុះ ការការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពគឺជាបញ្ហាសំខាន់សម្រាប់កម្ពុជា។ សូមបន្តសកម្មភាពទាំងនេះបន្តទៀត រហូតដល់យើងសម្រេចបាន ១០០ ភាគរយ"។
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា "ប្រជាជនកម្ពុជាគ្រប់ៗរូប មានភារកិច្ចរួមមួយក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ គោលដៅ និងគោលបំណងរបស់គម្រោងអនាគតបៃតងគឺគាំទ្រ និងស្របជាមួយយុទ្ធសាស្ត្រចក្រាស្តីពីបរិស្ថាន សម្រាប់ឆ្នាំ ២០២៣-២០២៨ ដែលមានគោលបំណងធានាការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ឆ្ពោះទៅរកសេដ្ឋកិច្ចអព្យាក្រឹតកាបូននៅឆ្នាំ២០២៥" ។
ពិធីនេះប្រព្រឹត្តទៅដោយរួមមានការដាក់បង្ហាញស្តង់ពិព័រណ៌ដែលបង្ហាញពីសមិទ្ធិផលនៃយុទ្ធនាការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម (SBCC) ចំនួនបីរបស់គម្រោង៖ #រួមគ្នានិយាយដើម្បីការពារព្រៃឈើ #រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង និង #រួមគ្នានិយាយដើម្បីបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។ អ្នកចូលក្នុងរួមពិធីបិទគម្រោងនេះ បានស្វែងយល់អំពីតួនាទីរបស់យុវជនក្នុងការអភិរក្សជីវចម្រុះ ការការពារព្រៃឈើ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ អ្នកចូលរួមទាំងអស់មានដូចជាតំណាងក្រសួងពាក់ព័ន្ធ ដៃគូក្នុងវិស័យបរិស្ថាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងអ្នកដឹកនាំជាយុវជន។
###
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង៖
លោក អ៊ុក ស៊ីសុវណ្ណ ប្រធានគម្រោង គម្រោងអនាគតបៃតង USAID
អ៊ីម៉ែល៖ souk@ecodit.com.kh
--------------------------------------------------------------------------------------------------------------------------------
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) គឺជាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិឈានមុខគេ និងជាតួអង្គដ៏សំខាន់ ក្នុងការជំរុញលទ្ធផលនៃការអភិវឌ្ឍ។ ការងាររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID គឺជំរុញឱ្យមានសន្តិសុខជាតិ និងវិបុលភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បង្ហាញពីទឹកចិត្តសប្បុរសរបស់សហរដ្ឋអាមេរិក និងការលើកកម្ពស់ដំណើរការទទួលបាន ការពឹងផ្អែកលើខ្លួនឯង និងភាពធន់។ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID សហការជាមួយដៃគូកម្ពុជា និងអន្តរជាតិទូទាំង២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជាដើម្បីធ្វើឱ្យប្រទេសនេះកាន់តែមានភាពបើកចំហ រីកចម្រើន មានភាពធន់ និងជាដៃគូប្រកបដោយបរិយាប័ន្ន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងផ្តោតលើការលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋា ភិបាលនិងសិទ្ធិមនុស្ស លើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ គាំទ្រការអប់រំ និងការអភិវឌ្ឍកុមារ បង្កើនផលិតភាពកសិកម្ម និងសន្តិសុខស្បៀង អភិរក្សព្រៃឈើ និងអាងត្រងទឹក ជួយគ្រួសារកសិករឲ្យសម្របខ្លួន និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងគ្រោះថ្នាក់ធម្មជាតិ។
គម្រោងអនាគតបៃតងកម្ពុជាUSAID មានរយៈពេល ៥ ឆ្នាំ (២០១៩-២០២៤) ដែលមានទឹកប្រាក់ ៥ លានដុល្លាសហរដ្ឋអាមេរិក អនុវត្តដោយ ក្រុមហ៊ុន ECODIT និង អង្គការ FHI 360។ គម្រោងអនាគតបៃតងកម្ពុជា មានគោលដៅផ្តល់ភាពអង់អាចដល់ប្រជាជន និងសង្គមស៊ីវិលកម្ពុជាតាមរយៈការផ្តល់ចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងផ្អែកលើភស្តុតាង ដើម្បីជំរុញឱ្យមានសកម្មភាពវិជ្ជមានក្នុងការគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។ នៅពេលដែលប្រជាជនកម្ពុជាបានយល់ដឹងពីការគំរាមកំហែងជាទូទៅដល់ជីវៈចម្រុះ និងជីវភាពរបស់ខ្លួន ពួកគាត់នឹងអាចចូលរួមប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តជាមួយប្រជាជនកម្ពុជាផ្សេងទៀត និងជំរុញអ្នកទាំងនោះ ឱ្យចូលរួមការពារធនធានធម្មជាតិរបស់ពួកគាត់។ ដើម្បីសម្រេចគោលដៅនេះ គម្រោងមានគោលបំណងសំខាន់ពីរគឺ៖ គោលបំណងទី ១៖ បង្កើនចំណេះដឹង និងឥរិយាបថវិជ្ជមានដល់ក្រុមគោលដៅអំពីផលប្រយោជន៏នៃជីវៈចម្រុះ និងសត្វដែលជិតផុតពូជ និងមានតែមួយគត់ក្នុងប្រទេសកម្ពុជា ព្រមទាំងសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។ គោលបំណងទី ២៖ បង្កើនកិច្ចខិតខំប្រឹងប្រែងដែលចេញពីប្រជាជនដើម្បីអនុវត្តការទំនាក់ទំនងជាយុទ្ធសាស្ត្រ ក្នុងកិច្ចការពារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើក្នុងតំបន់គោលដៅនៃគម្រោង។ ស្វែងយល់បន្ថែមពីគម្រោងៈ www.facebook.com/USAIDCambodiaGreenFuture
យុវជនស្ម័គ្រចិត្តបៃតង៖ គឺជាយុវជនស្ម័គ្រចិត្ត ក្រោមការសម្របសម្រួលរបស់គម្រោងអនាគតបៃតងកម្ពុជាUSAID។ យុវជនស្ម័គ្រចិត្តបៃតងត្រូវបានបង្កើតឡើងតាំងពីខែតុលា ឆ្នាំ២០២១។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ យុវជននេះមានចំនួន ១១ ក្រុម ដែលមានសមាជិកសរុបចំនួន ១១៣ នាក់ (ស្រី ៨៦ និងបុរស ២៧ នាក់)។ យុវជនស្ម័គ្រចិត្តបៃតង មានតួនាទីសំខាន់ពីរ៖ ១) យុវជនមានតួនាទីឈានមុខ (ផ្អែកលើតួនាទីរបស់ពួកគេនៅក្នុងសង្គមកម្ពុជា) ក្នុងនាមជាភ្នាក់ងារផ្លាស់ប្តូរ ពួកគេអាចមានឥទ្ធិពលលើមិត្តភក្តិ ឪពុកម្តាយ ដែលជាអ្នកដែលចូលរួមក្នុងការប្រព្រឹត្តឥរិយាបថប៉ះពាល់ដល់បរិស្ថាន និង ២) ការចូលរួមរបស់ពួកគេកំពុងទទួលបានលទ្ធផល៖ ការចូលរួមយ៉ាងសកម្មរបស់យុវជនស្ម័គ្រចិត្តបៃតង ក្នុងការធ្វើសកម្មភាពផ្សព្វផ្សាយនៅសាលារៀន និង ឬ សហគមន៍។ យុវជនស្ម័គ្រចិត្តបៃតងបានចូលរួមក្នុងផលិតសម្ភារៈយុទ្ធនាការដូចជាសិក្ខាសាលាបង្កើតយុទ្ធសាស្រ្តគម្រោង (បញ្ជាក់ឡើងវិញនូវឥរិយាបថ ស្វែងរកមូលហេតុបង្កឱ្យមានឥរិយាបថទាំងនោះ និងស្វែងរកយុទ្ធសាស្រ្តដើម្បីដោះស្រាយឥរិយាបថទាំងនោះ) សហការជាមួយក្រុមការងារគម្រោងក្នុងការបង្កើតយុទ្ធសាស្រ្តក៏ដូចជាឧបករណ៏ ឬ សម្ភារៈទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)។