ក្នុងអំឡុងខែមីនា ដែលជាខែប្រវត្តិសាស្ត្ររបស់នារី ហើយក៏ជាទិវាអន្តរជាតិនារី (៨ មីនា ២០២៤) ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រារព្ធ និងអបអរការរួមចំណែករបស់ស្ត្រីនៅគ្រប់ទិសទី។ ស្ត្រីទាំងនោះធ្វើការដើម្បីកសាងជីវភាពគ្រួសារ និងសហគមន៍ឲ្យកាន់តែប្រសើរឡើង។ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាជំរុញ និងវិនិយោគលើសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅទូទាំងពិភពលោក។ ស្វែងយល់អំពីរបៀបដែលទីភ្នាក់ងារជំនួយអាមេរិកបានបំផុសគំនិត និងលើកទឹកចិត្តស្ត្រីតាមរយៈរឿងរ៉ាវពិតរបស់បុគ្គលិក បួនរូបដូចខាងក្រោម៖
អ្នកស្រី ភួន កណិកា
ប្រធានផ្នែករដ្ឋបាល មកពីទីក្រុងភ្នំពេញ
តើកត្តាអ្វីខ្លះដែលធ្វើអោយអ្នកចង់បម្រើការនៅ USAID?
កណិកាបានចូលបម្រើការនៅទីភ្នាក់ងារជំនួយអាមេរិក (USAID) អស់រយៈពេលជាងដប់ឆ្នាំមកហេីយ ដោយក្នុងនោះ កណិកាមានគោលបំណងអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន។ ដោយ USAID គឺជាស្ថាប័នដែលផ្តោតសំខាន់ទៅលេីជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក៏ដូចជាការធានាសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ទាំងអស់នេះបានធ្វេីអោយការងាររបស់នាងកាន់តែមានអត្ថន័យពិសេសថែមទៀត។ នាងបាននិយាយថា៖
“ខ្ញុំចង់ចូលរួមចំណែកនៅក្នុងការកសាងប្រទេសរបស់ខ្ញុំតាមមធ្យោបាយផ្សេងៗដែលខ្ញុំអាចធ្វើបាន។”
តើអី្វទៅជាសមិទ្ធផលដ៏អស្ចារ្យរបស់អ្នកចាប់តាំងពីបម្រើការនៅ USAID?
កណិកាមានមោទនភាពដែលនាងបានជួយការងារសហការីរបស់នាង និងបានចូលរួមជាផ្នែក មួយនៃភាពជោគជ័យរួមរបស់ក្រុមការងារទាំងអស់។ នាងចាត់ទុកភាពជោគជ័យរបស់នាងបាន មកពីការជួយជ្រោមជ្រែងពីស្ត្រីនៅជុំវិញខ្លួនគាត់ ជាពិសេសប្រធានរបស់គាត់នៅ USAID។ នាងបានបន្តទៀតថា
“ប្រធានរបស់ខ្ញុំធ្វេីអោយខ្ញុំមានមោទនភាពចំពោះការលះបង់របស់គាត់លេីកិច្ចការងារប្រចាំថ្ងៃ ហេីយខ្ញុំក៏មានការកោតសរសេីរអំពីរបៀបដែលគាត់ដោះស្រាយបញ្ហាប្រឈមនានា។ លេីសពីនេះទៅទៀត គាត់ក៏មានក្រុមគ្រួសារដែលកក់ក្តៅមួយផងដែរ។ ខ្ញុំយល់ឃើញថា ក្នុងនាមជាស្ត្រី ក្នុងតួនាទីជាអ្នកដឹកនាំ ខ្ញុំមានការកោតសរសើរចំពោះស្រ្តីដែលអាចរ៉ាប់រងបាន យ៉ាងល្អទាំងការងារ និងក្រុមគ្រួសារ។"
តើអ្នកមានដំបូន្មានអ្វីដើម្បីចែករំលែកដល់យុវនារីទាំងអស់ដែលចាប់អារម្មណ៍ចង់បម្រើការងារនៅ USAID?
យុវនារីគួរតែមានទំនុកចិត្ត និងជឿជាក់លើសក្ដានុពលដែលខ្លួនមាន។ អ្នកត្រូវហ៊ានប្រឈមមុខ និងជំនះការលំបាកផ្សេងៗ និងត្រូវលេីកទឹកចិត្តខ្លួនឯង។ គ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកត្រូវចាំថា ពេលអ្នកធ្វើអ្វីមួយ អ្នកត្រូវតែធ្វេីឲ្យអស់ពីសមត្ថភាពរបស់ខ្លួន។