ក្នុងអំឡុងខែមីនា ដែលជាខែប្រវត្តិសាស្ត្ររបស់នារី ហើយក៏ជាទិវាអន្តរជាតិនារី (៨ មីនា ២០២៤) ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រារព្ធ និងអបអរការរួមចំណែករបស់ស្ត្រីនៅគ្រប់ទិសទី។ ស្ត្រីទាំងនោះធ្វើការដើម្បីកសាងជីវភាពគ្រួសារ និងសហគមន៍ឲ្យកាន់តែប្រសើរឡើង។ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាជំរុញ និងវិនិយោគលើសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅទូទាំងពិភពលោក។ ស្វែងយល់អំពីរបៀបដែលទីភ្នាក់ងារជំនួយអាមេរិកបានបំផុសគំនិត និងលើកទឹកចិត្តស្ត្រីតាមរយៈរឿងរ៉ាវពិតរបស់បុគ្គលិក បួនរូបដូចខាងក្រោម៖
អ្នកស្រី ឆេង អេង
មន្រ្តីជំនាញ ផ្នែកលទ្ធកម្ម ការិយាល័យលទ្ធកម្ម មកពីខេត្តបាត់ដំបង
តើកត្តាអ្វីខ្លះដែលធ្វើអោយអ្នកចង់បម្រើការនៅ USAID?
មានស្រុកកំណើតនៅខេត្តបាត់់ដំបង អេងមានក្តីស្រម៉ៃចង់ធ្វើការនៅទីភ្នាក់ងារជំនួយអាមេរិក (USAID) តាំងពីនៅតូច។ ពេលនាងមានអាយុប្រហែល១០ឆ្នាំ មានបុគ្គលិក UNTAC ម្នាក់បានអោយម្ហូបក្រៀមមួយកញ្ចប់ដែលមានប័រសណ្តែកដី និងស្លាបព្រាជ័រ។ នៅលើកញ្ចប់នោះមានស្លាកសញ្ញា USAID ដែលនាងមិនដែលស្គាល់ទាល់តែសោះ។
"រហូតមកដល់សព្វថ្ងៃ ខ្ញុំមិនដែលភ្លេចរសជាតិប័រសណ្តែកដី និងស្លាកសញ្ញា USAID នៅថ្ងៃនោះឡើយ។”
នៅឆ្នាំ២០១៤ ក្តីស្រម៉ៃចង់ធ្វើការនៅ USAID របស់នាងបានក្លាយជាការពិត។
តើអី្វទៅជាសមិទ្ធផលដ៏អស្ចារ្យរបស់អ្នកតាំងពីបានចូលបម្រើការនៅ USAID?
តាមរយៈការប្រាស្រ័យទាក់ទងរវាង អេង និងដៃគូររបស់ USAID នាងកំពុងចូលរួមចំណែកធ្វើឲ្យជីវិតប្រជាពលរដ្ឋខ្មែរជាច្រើនល្អប្រសើរជាងមុនមួយកម្រិត ទោះបីជានាងមិនបានចុះធ្វើការផ្ទាល់ជាមួយពួកគាត់ក៏ដោយ។
"សមិទ្ធផលដ៏អស្ចារ្យរបស់ខ្ញុំ គឺថាខ្ញុំធ្វើការនៅទីនេះបានជិតមួយទសវត្សហើយ! ខ្ញុំជឿថាការងាររបស់ខ្ញុំបានចូលរួមចំណែកយ៉ាងជ្រាលជ្រៅក្នុងការសម្រេចគោលដៅ និងអាទិភាពចម្បងជាច្រើនរបស់ភ្នាក់ងារជំនួយអាមេរិក។ ពោលគឺខ្ញុំធ្វើការងារគាំទ្រការិយាល័យបច្ចេកទេស បង្កើតកិច្ចសន្យានានាដើម្បីសហការជាមួយដៃគូក្នុងស្រុក និងក្រៅស្រុក។"
តើអ្នកមានដំបូន្មានអ្វីដែលចង់ចែករំលែកដល់យុវនារីទាំងអស់ ដែលចាប់អារម្មណ៍ចង់បម្រើការងារនៅ USAID?
បងប្អូនកូនក្មួយស្រីៗទាំងអស់ដែលមានចិត្តចង់ធ្វើការនៅ USAID ត្រូវមានបំណងប្រាថ្នាខ្ពស់ ហើយខិតខំតស៊ូធ្វើការដើម្បីសម្រេចគោលដៅរបស់ខ្លួន។
"សេចក្តីប្រឹងប្រែងនៅទីណា សេចក្តីសម្រេចនឹងតាមទៅទីនោះ។ ឲ្យតែយើងដាក់ចិត្តដាក់កាយ មានការប្តេជ្ញាចិត្តខ្ពស់ និងរីករាយចំពោះអ្វីដែលយើងកំពុងធ្វើ និងអ្វីដែលយើងគ្រោងនឹងធ្វើនាពេលអនាគត នោះយើងប្រាកដជាទទួលបានជោគជ័យ។ ប្រសិនយើងមានផែនការជិវិតត្រឹមត្រូវ នោះយើងអាចសម្រេចគោលដៅជិវិតយើងដោយសន្សឹមៗ និងងាយស្រួល។ ដូច្នេះហើយដើម្បីឲ្យសុបិន និងក្តីស្រមៃរបស់យើងក្លាយជាការពិត យើងត្រូវតែមានសង្ឃឹម និងភាពតស៊ូក្នុងជីវិតរហូត។"