ក្នុងអំឡុងខែមីនា ដែលជាខែប្រវត្តិសាស្ត្ររបស់នារី ហើយក៏ជាទិវាអន្តរជាតិនារី (៨ មីនា ២០២៤) ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រារព្ធ និងអបអរការរួមចំណែករបស់ស្ត្រីនៅគ្រប់ទិសទី។ ស្ត្រីទាំងនោះធ្វើការដើម្បីកសាងជីវភាពគ្រួសារ និងសហគមន៍ឲ្យកាន់តែប្រសើរឡើង។ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាជំរុញ និងវិនិយោគលើសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅទូទាំងពិភពលោក។ ស្វែងយល់អំពីរបៀបដែលទីភ្នាក់ងារជំនួយអាមេរិកបានបំផុសគំនិត និងលើកទឹកចិត្តស្ត្រីតាមរយៈរឿងរ៉ាវពិតរបស់បុគ្គលិក បួនរូបដូចខាងក្រោម៖
កញ្ញា យ៉ុន គន្ធា
មន្រ្តីទូទាត់ មកពីទីក្រុងភ្នំពេញ
តើកត្តាអ្វីខ្លះដែលធ្វើអោយអ្នកចង់បម្រើការនៅ USAID?
គុណតម្លៃផ្ទាល់ខ្លួនរបស់គន្ធាស្របគ្នាទៅនឹងគុណតម្លៃរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ផងដែរ ជាពិសេសគឺការជួយយកអាសាអ្នកដទៃ។ ការិយាល័យគ្រប់គ្រងហិរញ្ញវត្ថុ មិនបានធ្វើការដោយផ្ទាល់ជាមួយប្រជាជនកម្ពុជានោះទេ ប៉ុន្តែគន្ធាជឿជាក់ថា ដរាបណានាងបំពេញការងារអោយបានល្អអស់ពីសមត្ថភាព នោះបានសេចក្តីថានាងកំពុងចូលរួមដោយប្រយោលក្នុងការជួយដល់ប្រជាជនកម្ពុជា។ គន្ធាលើកឡើងថា “ផ្អែកលើហេតុផលនេះ ខ្ញុំពិតជាមានមោទនភាពក្នុងការបំពេញការងារ ជារៀងរាល់ថ្ងៃនៅទីភ្នាក់ងារជំនួយអាមេរិក USAID”។
តើអី្វទៅជាសមិទ្ធផលដ៏អស្ចារ្យរបស់អ្នកតាំងពីបានចូលបម្រើការនៅ USAID?
គន្ធាមានភារកិច្ចធ្វើការទាក់ទងនឹងផ្នែកហិញ្ញវត្ថុ ដូចជាការទូទាត់ប្រតិបត្តិការផ្សេងៗ ទៅអោយដៃគូរបស់ USAID។ កិច្ចការនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយគាំទ្រដល់ដៃគូទាំងអស់ ដើម្បីជួយឲ្យការអនុវត្តគម្រោងប្រកបដោយភាពរលូន និងសម្រេចគោលដៅដែលបានដាក់ចេញ។
តើអ្នកមានដំបូន្មានអ្វី ដែលចង់ចែករំលែកដល់បងប្អូននារីទាំងអស់ដែល ចាប់អារម្មណ៍ចង់បម្រើការងារនៅភ្នាក់ងារអភិវឌ្ឍដូចជា USAID?
អ្វីដែលសំខាន់បំផុតនោះគឺមិនត្រូវភ័យខ្លាចនោះទេ អ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯង ហើយដាក់ពាក្យចូលបម្រើការងារ ដើម្បីប្រលងយកមុខតំណែងណាមួយដែលអ្នកពេញចិត្ត។ តាមពិតទៅខ្ញុំផ្ទាល់ ក៏មិនសូវមានទំនុកចិត្តលើខ្លួនឯងប៉ុន្មានទេនៅពេល មកប្រលងនៅ USAID។ ប៉ុន្តែខ្ញុំបានសាងទំនុកចិត្ត និងជម្នះភាពភ័យខ្លាចរបស់ខ្ញុំ បន្ទាប់ពីបានចាប់ផ្តើមបំពេញការងារនៅ USAID។ ខ្ញុំសង្កេតឃើញ និងរៀនសូត្រពីស្រ្តីជុំវិញខ្លួន ដែលពោរពេញទៅដោយទេពកោសល្យ និងភាពជឿជាក់។ ថ្មីៗនេះ ខ្ញុំទើបតែត្រលប់មកពីកម្មសិក្សាការងារនៅប្រទេសស៊ែប៊ី។ កម្មសិក្សាមួយនេះ បើសម្រាប់អ្នកដទៃគេអាចគិតថាវាគ្រាន់តែជារឿងធម្មតា ប៉ុន្តែសម្រាប់ខ្ញុំដែលជាប្រភេទមនុស្ស Introvert គឺជាបទពិសោធដ៏អស្ចារ្យមួយ ហើយកាន់តែជំរុញឲ្យខ្ញុំមានទំនុកចិត្តលើខ្លួនឯងជាងមុន។ ការចូលរួមក្នុងកម្មវិធីនេះបានសបញ្ជាក់អោយខ្ញុំឃើញកាន់តែច្បាស់ថា យើងគ្រប់ៗគ្នាសុទ្ធតែអាចធ្វើការងារគ្រប់យ៉ាងបាន ដរាបណាយើងជឿជាក់លើខ្លួនឯង។